|

ឯកឧត្តម កាទេី​ មហាំម៉ាត់ណោសស្រុី​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហួត​ ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍​ ជា​អធិបតី​ក្នុង​ពិធីបិទ វេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤

នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម កាទេី​ មហាំម៉ាត់ណោសស្រុី​ រដ្ឋលេខាធិការ​ តំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីក្នុងពិធីបិទ វេទិកាទេសចរណ៍មូស្លីម ឆ្នាំ២០២៤ ក្រោមមូលបទ៖ “ភាពស្រស់ស្អាត នៃសុខដុមនីយកម្ម និងគោលដៅទេសចរណ៍មូស្លីម”​ ។

ឯកឧត្ដម​រដ្ឋលេខាធិការ​ បានកោតសរសេីរ​ និង​វាយតម្លៃ​ខ្ពស់​ ចំពោះ​ក្រុមការងារ​ទេសចរណ៍​មូស្លីម​ ក្រសួងទេសចរណ៍​ ដែលបានការខិតខំ​ និងបានសហការរៀបចំ​វេទិកាទេសចរណ៍មូស្លីម​ឆ្នាំ២០២៤​ លេីកទីមួយនេះឡេីង​ ប្រកបដោយភាពជោគជ័យ​។ ព្រឹត្តិការណ៍នេះ ក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងទេសចរណ៍​ បាននឹងកំពុងយកចិត្តទុកដាក់ជំរុញ អនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍មូស្លីម ៥ឆ្នាំ (២០២៣-២០២៧) សមស្របនឹងចក្ខុវិស័យរួមរបស់ក្រសួង និងបរិបទនៃវិស័យ​ទេសចរណ៍​សកលលោក ជាពិសេសរួមចំណែកលើកស្ទួយកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងបណ្តា​ប្រទេស​ឥស្លាមផងដែរ ដូចដែល​ ឯកឧត្ដម​រដ្ឋមន្រ្តី​ បានលើកឡើង កាលពីព្រឹកមិញ ។

ឯកឧត្ដម​រដ្ឋលេខាធិការ​ បាន​ណែនាំ​ និងផ្តល់​អនុសាសន៍​មួយចំនួនដូចខាងក្រោម​៖
ទី១៖ សូមឱ្យអង្គវេទិកាយកខ្លឹមសារ និងលទ្ធផលនៃវេទិកាឆ្នាំ២០២៤នេះ យកទៅអនុវត្តក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដែលយើងអាចតាមដានការអនុវត្តនិងវាយតម្លៃនាឱកាសវេទិកាលើកក្រោយ ឆ្នាំ២០២៥។
ទី២៖ សូមឱ្យវិស័យឯកជន និងភាគីពាក់ព័ន្ធ បន្តកិច្ចសហការស្អិតរមួតក្នុងការបន្តជំរុញការផ្សព្វផ្សាយ ក៏ដូចជារៀបចំកញ្ចប់ទស្សនកិច្ចឱ្យមានភាពសំបូរបែប ពិសេសរួមគ្នារៀបចំ ព្រឹត្តិការណ៍នានា ដើម្បីជំរុញលំហូរទេសចរមូស្លីមឱ្យបាន កាន់តែប្រសើរបន្ថែមទៀត ។
ទី៣៖ ចូលរួមជំរុញ យុទ្ធនាការ៖ ប្រជាពលរដ្ឋម្នាក់ជាអ្នកផ្សព្វ ផ្សាយទេសចរណ៍កម្ពុជាម្នាក់ និងទេសចរណ៍ដើម្បីទាំង អស់គ្នា និងទាំងអស់គ្នាដើម្បីទេសចរណ៍​ ដូចប្រសាសន៍​ ឯកឧត្ដម​រដ្ឋមន្រ្តី​ លេីកឡេីងកាលពីព្រឹកមិញ​ ។
ទី៤៖ អំពាវនាវឱ្យបងប្អូនវិស័យឯកជនក្នុងស្រុក បន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួន ដូចជាម្ហូបអាហារ និងសេវាកម្មហាឡាល់​ និង​ការបដិសណ្ធារកិច្ចមូស្លីម​ ដើម្បីត្រៀមលក្ខណៈសម្បត្តិឱ្យបានគ្រប់គ្រាន់ក្នុងការទទួលភ្ញៀវទេសចរមូស្លីម​។