| |

ពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ “សន្និបាតបូកសរុបលទ្ធផលការងារវិស័យទេសចរណ៍ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥” បានឈានដល់ការបិទបញ្ចប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីបិទដ៏ឱឡារិកនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំក្នុងជួរស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័ន ស្ថានឯកអគ្គរាជទូត/រដ្ឋទូតបរទេសប្រចាំកម្ពុជា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងទេសចរណ៍ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ តំណាងរដ្ឋបាលរាជធានី-ខេត្ត សមាគមទេសចរណ៍ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជនជាប្រតិបត្តិករ សេវាករទេសចរណ៍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកា Influencers និងភាគីពាក់ព័ន្ធ សរុបចំនួន ១៣៤១ នាក់។

ថ្លែងក្នុងអង្គសន្និបាត សម្តេចធិបតីនាយករដ្ឋមន្ត្រី បានកោតសរសើរក្រសួងទេសចរណ៍ ដោយក្នុងរយៈពេលខ្លីបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រសួង ឈរលើមូលដ្ឋាននៃសមិទ្ធផលសម្រេចបានកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បីលើកកម្ពស់សមត្ថភាពស្ថាប័ន ស្របតាម “អភិក្រមជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងទស្សនាទាន “មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)។