កម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ លើកទី៩ ឆ្នាំ២០២៥ នៅខេត្តតាកែវ
(តាកែវ)៖ នាព្រឹកថ្ងៃសុក្រ ទី២១ ខែមីនា ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តតាកែវ បានរៀបចំកម្មវិធីដាំដើមឈើអនុស្សាវរីយ៍ អបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ» នៅសួនមាត់បឹងតាកែវ ក្រុងដូនកែវ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួង និងលោកជំទាវ ព្រមទាំងមានការចូលរួមពី ឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្ទីរ-អង្គភាព មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន ស.ស.យ.ក យុវជនកាយរឹទ្ធិ សិស្ស និស្សិត និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន សរុបប្រមាណជាង៥០០នាក់។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ការចូលរួមដាំដើមឈើ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកអភិវឌ្ឍទេសចរណ៍បៃតងនៅកម្ពុជា ជាពិសេសការការពារបរិស្ថាន និងអភិរក្សធនធានធម្មជាតិ ដែលជាសកម្មភាពជំរុញនិងគាំទ្រគោលនយោបាយអភិវឌ្ឍបៃតងរបស់រាជរដ្ឋាភិបាល ស្របជាមួយចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ផ្តល់ភាពកក់ក្តៅ» និងយន្តការអភិវឌ្ឍទេសចរណ៍ជាអន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន សំដៅធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញប្រកបដោយភាពស្អាត និងបៃតង។
ក្នុងន័យនេះ កម្មវិធីដាំដើមឈើរួមគ្នា មិនត្រឹមជាការអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេប៉ុណ្ណោះទេ តែជាការបង្កប់នូវគោលបំណងដ៏ជាក់លាក់គឺ៖ ១)ជំរុញប្រែក្លាយសកម្មភាពនេះ ជាយន្តការផ្សព្វផ្សាយទេសចរណ៍បៃតងនៅកម្ពុជា ដើម្បីទាក់ទាញទេសចរឱ្យមកទស្សនាច្រើនដង ២)លើកកម្ពស់យុទ្ធនាការ “ទេសចរម្នាក់ ដើមឈើមួយដើម” សំដៅប្រែក្លាយសកម្មភាពដាំដើមឈើ ទៅជាផលិតផលទេសចរណ៍ថ្មីមួយប្រកបដោយភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ៣)បំផុសការយល់ដឹងជាសាធារណៈអំពីទស្សនាទាន “ស្អាត ឆ្លាត និងបៃតង” ៤)រួមចំណែកក្នុងការទប់ទល់បញ្ហាបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយការកើនឡើងកំដៅនៃភពផែនដី និង៥)រួមចំណែកលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ស្របតាមពាក្យស្លោក “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” “ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព” និង “ បុគ្គលម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់”។











