សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងកោតសរសើរក្រសួងទេសចរណ៍ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តតាកែវ ដែលបានរួមគ្នារៀបចំព្រឹត្តិការណ៍បុណ្យទន្លេបានល្អ
(តាកែវ)៖ នាល្ងាចថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍បុណ្យទន្លេលើកទី៩ នៅខេត្តតាកែវ ក្រោមប្រធានបទ «គុណតម្លៃនៃទន្លេ៖ ផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ»។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ប្រធានបទនៃពិធីបុណ្យទន្លេលើកទី៩ នៅឆ្នាំនេះ មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍ និងសក្តានុពលរបស់ទន្លេ ដោយផ្សារភ្ជាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិ ជាមួយនឹងការអបអរសាទរចំពោះចំណងដ៏ជ្រាលជ្រៅរវាងទន្លេ និងប្រជាជនដែលអាស្រ័យផលនឹងទន្លេ។
សម្តេចក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ គណៈកម្មការអន្តរក្រសួង ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តតាកែវ ដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី៩ ក្រោមប្រធានបទដ៏មានសារៈសំខាន់នេះឡើង ប្រកបដោយភាពអធិកអធម ជាពិសេសក្រសួងទេសចរណ៍ ដែលបានខិតខំបង្កើតព្រឹត្តិការណ៍ និងផលិតផលទេសចរណ៍ថ្មីៗជាច្រើន ប្រកបដោយភាពទាក់ទាញ និងលើកស្ទួយគុណតម្លៃនៃវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។ តាមរយៈព្រឹត្តិការណ៍បុណ្យទន្លេពិតជាបានទាក់ទាញភ្ញៀវទេសចរ បង្កើនប្រាក់ចំណូលជូនប្រជាជន និងអាជីវករនៅក្នុងមូលដ្ឋានផ្ទាល់។ ត្រង់នេះហើយ គឺជាអត្ថន័យនៃពាក្យស្លោកដែលថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍»។
ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារសុខសន្តិភាព និងជួយផ្សព្វផ្សាយនូវពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «បុគ្គលម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។