កិច្ចប្រជុំពិភាក្សាការងាររវាងក្រសួងទេសចរណ៍ ជាមួយគណៈកម្មការ អប់រំ យុវជនកីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧)
នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងទេសចរណ៍ គណៈប្រតិភូគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ដឹកនាំដោយ ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការអញ្ជើញចូលរួមពីប្រតិភូគណៈកម្មការទី៧ និងឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំនៃក្រសួងទេសចរណ៍ ចំនួន ៣០នាក់។
កិច្ចប្រជុំនាព្រឹកនេះ ប្រព្រឹត្តទៅក្នុងគោលបំណងបង្ហាញជូនគណៈប្រតិភូគណៈកម្មការទី៧នៃព្រឹទ្ធសភា អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម វិធានការ និងចក្ខុវិស័យ សំដៅអភិវឌ្ឍនិងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា និងមានការធ្វើបទបង្ហាញដោយ ឯកឧត្តម ជុក ជំនោរ អគ្គនាយក នៃអគ្គនាយកដ្ឋានអភិវឌ្ឍទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ។