កិច្ចពិភាក្សាការងារលើការជំរុញការរៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ
ភ្នំពេញ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី Olary Yim នាយិកាប្រតិបត្តិក្រុមហ៊ុន Catch International និងប្រតិភូ ដើម្បីពិភាក្សាការងារលើការជំរុញការរៀបចំព្រឹត្តិការណ៍នានានៅកម្ពុជា ពិសេសព្រឹត្តិការណ៍ចម្រៀងជាលក្ខណៈអន្តរជាតិ។ នាឱកាសនោះ លោកស្រី Olary Yim បានជម្រាបជូនពីគម្រោងក្នុងការរៀបចំព្រឹត្តិការណ៍ចម្រៀង Dakini Sky Festival 2024 និងបានស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានសាទរ និងបានលើកឡើងពីសារៈសំខាន់នៃការរៀបចំព្រឹត្តិការណ៍ធំៗ ជាពិសេសព្រឹត្តិការណ៍ចម្រៀងខ្នាតអន្តរជាតិ ដែលនឹងជួយទាក់ទាញភ្ញៀវទេសចរមកកម្ពុជាបន្ថែមទៀត។ Catch International មានសេចក្តីសោមនស្សរីករាយក្រៃលែងក្នុងឱកាសដែលទទួលបានការយកចិត្តទុកដាក់ពី ឯកឧត្តមរដ្ឋមន្ត្រី ហើយក្រុមហ៊ុននឹងខិតខំពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍បន្ថែមទៀត និងប្តេជ្ញាចិត្តក្នុងការរៀបចំកម្មវិធីល្អៗ ពិសេសៗ ដែលផ្ដល់ផលវិជ្ជមានជាច្រើនដល់ទេសចរណ៍កម្ពុជា។