បឹងស្នោមានទំហំ១៤០០ម៉ែត្រ x ៩១០,៩ម៉ែត្រ ស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ទីរួមខេត្ត ឧត្តរមានជ័យ
តាមប្រវត្តិរមណីយដ្ឋានបឹងស្នោ ប្រជាជនក្នុងស្រុកនេះ បាននិយាយតៗគ្នាថា កាលពីដើមឡើយបឹងនេះមានដើមស្នោដុះយ៉ាងច្រើនសន្ធឹកសន្ធាប់នៅផ្នែកខាងជើងនិងខាងកើត។ ម្យ៉ាងវិញទៀត នៅចំកណ្ដាលបឹងសម្បូរទៅដោយដើមកក់ ដើមភ្លង់ និងដើមឈូក ដែលអាចផ្ដល់ជម្រកដល់ពពួកមច្ឆា និងសត្វស្លាបជាច្រើនប្រភេទ។សត្វស្លាបមានដូចជា ទោម ប្រវឹក កុក ។ល។
រមណីយដ្ឋានបឹងស្នោ គឺជាកន្លែងទាក់ទាញមួយយ៉ាងសំខាន់នៅក្រុងសំរោងសម្រាប់ឱ្យភ្ញៀវទេសចរ អង្គុយលំហែនិងមើលថ្ងៃរៀបអស្ដង្គត និងបានទស្សនាហ្វូងបក្សាបក្សីរាប់ពាន់ក្បាលនៅកណ្ដាលបឹងគួរឱ្យសប្បាយរីករាយ។ មិនតែប៉ុណ្ណោះដោយមានការជួយជ្រោមជ្រែងពីអាជ្ញាធរខេត្ត និងបងប្អូនប្រជាពលរដ្ឋ ទើបបានរៀបចំជីកបឹងឱ្យជ្រៅ ដើម្បីរក្សាទឹកទុកនៅរដូវប្រាំង សម្រាប់ប្រជាជនប្រើប្រាស់ហើយបានរៀបចំសួនច្បារដាំដើមឈើព័ទ្ធជុំវិញយ៉ាងស្រស់ស្អាត មានខ្យល់អាកាសបរិសុទ្ធ និងតុបតែងលម្អដាក់រូបចម្លាក់ជាច្រើនតាមសួនច្បារ ដូចជា ដំរី សេះ ហង្ស នាគ ក្ងោក… សម្រាប់ប្រជាជននៅក្នុងមូលដ្ឋានក៏ដូចជាទេសចរបានទស្សនាកម្សាន្ត។
ជារៀងរាល់ឆ្នាំ ទីតាំងនេះមានតួនាទីសំខាន់ណាស់ ដោយរដ្ឋបាលខេត្ត និងមន្ទីរនានាជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ តែងតែរៀបចំព្រឹត្តិការណ៍បុណ្យអុំទូក សំពះព្រះខែ អកអំបុក ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅឱ្យបានច្រើនក្នុងខេត្តឧត្តរមានជ័យ ។