រដ្ឋបាលខេត្ត និងអង្គភាពជំនាញពាក់ព័ន្ធ រៀបចំសម្តែងរបាំត្រុដិ និងឆៃយ៉ាំ ទទួលស្វាគមន៍ភ្ញៀវទេសចរតាមអាកាសយានអន្តរជាតិខេត្តព្រះសីហនុ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ព្រះសីហនុ៖ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរ និងក្រុមហ៊ុនគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ រៀបចំបដិសណ្ឋារកិច្ច អមដោយរបាំឆៃយ៉ាំទទួលភ្ញៀវទេសចរចូលមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុតាមអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។
ការសម្តែងរបាំឆៃយ៉ាំ និងរបាំត្រុដិ នៅអាកាសយានដ្ឋានអន្តរជាតិនេះ គឺធ្វើឡើងបន្ទាប់ពីមានការណែនាំពីសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ។
តាមមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងទៀតថា ក្នុងនោះមានជើងហោះហើរដូចជា៖
១. ជើងយន្តហោះលេខ K6839 ចុះចត មកពីទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមានភ្ញៀវទេសចរសរុបចំនួន ៤២នាក់ ក្នុងនោះមានសញ្ជាតិវៀតណាម ស្លូវ៉ាគី អូទ្រីស ចិន កូរ៉េ ខ្មែរ អាម៉េរិក ម៉ាឡេស៊ី និងអាយឡែន។
២. ជើងយន្តហោះលេខ K6131 ចុះចត មកពីខេត្តសៀមរាប ដែលមានភ្ញៀវ សរុបចំនួន ៤០នាក់ ក្នុងនោះមានសញ្ជាតិខ្មែរ បារាំង អាម៉េរិក ចិន អៀកឡង់ ហ្វាំងឡង់ អ៊ីតាលី អូទ្រីស អង់គ្លេស ទួកគី និញប៉ូឡូញ៕
អត្ថបទ៖ ប៉ៃ សុឃីម