ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)
សៀមរាប ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ – ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន រដ្ឋបាលខេត្តសៀមរាប និងភាគីពាក់ព័ន្ធបានរៀបចំ«ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្ដែងក្បាច់គុនសាវលីញនិងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator At Angkor)» ក្រោមអធិបតីភាព ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ស៊ុន ស៊ូកាង (SUN Shougang) សមាជិកអចិន្ត្រៃយ៍គណៈកម្មការគណបក្សកុម្មុយនីស្តប្រជាជនចិន និងជាអភិបាលរងខេត្តហឺណាន ដែលបានប្រព្រឹត្តទៅនៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤។ ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័ននានា តំណាងស្ថានទូតចិនប្រចាំកម្ពុជា សមាគមទេសចរណ៍ អ្នកសារព័ត៌មាន ភាគីពាក់ព័ន្ធ វិស័យឯកជន ភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត សាធារណជន ក្រុមក្បាច់គុនសាវលីញ និងល្បុក្កតោ កម្ពុជា-ចិនសរុបជាង ១,៥០០នាក់។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងអំពីយុទ្ធនាការ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ដល់ស្រទាប់យុវជន ប្រជាជននៃប្រទេសទាំងពីរ និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីសម្រេចបាននូវចក្ខុវិស័យនៃការបង្កើត “សហគមន៍ជោគវាសនារួម កម្ពុជា-ចិន”។ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជានៅក្នុងខេត្តហឺណានឱ្យកាន់តែទូលំទូលាយ ជាពិសេស ការបង្កើនចំនួនជើងហោះហើរត្រង់ពីទីក្រុងផ្សេងៗទៀតរបស់ខេត្តហឺណាន មកកម្ពុជាឱ្យបានច្រើនថែមទៀត។ លើសពីនេះ ឯកឧត្តម SUN Shougang ក៏បានថ្លែងសង្កត់ធ្ងន់លើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាស ការធ្វើសមាហរណកម្មឧស្សាហកម្មដ៏ស៊ីជម្រៅមួយ (ប្រទេសពីរ សួនឧទ្យានពីរ / two countries, twin parks) និងការបន្តសហការគ្នាជំរុញ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤” ឱ្យបានទូលំទូលាយបន្ថែមទៀត។