ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយ លោក Anthony Chin អគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ ក្នុងគោលបំណង ពង្រឹងចំណងការងាររវាងវិស័យទេសចរណ៍ និងធនាគារ និងជាពិសេសជំរុញដល់ការវិនិយោគក្នុងវិស័យទេសចរណ៍
ភ្នំពេញ, ថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២៤- ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានជួបពិភាក្សាការងារជាមួយ លោក Anthony Chin អគ្គនាយកប្រតិបតិ្ត នៃធនាគារវឌ្ឍនៈ ក្នុងគោលបំណង ពង្រឹងចំណងការងាររវាងវិស័យទេសចរណ៍ និងធនាគារ និងជាពិសេសជំរុញដល់ការវិនិយោគក្នុងវិស័យទេសចរណ៍។ ឆ្លៀតក្នុងឱកាសនោះ លោក Anthony Chin បានធ្វើការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ នាអាណតិ្តទី៧ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈក្នុងរយៈពេល ៦ខែនេះ ។ ជាពិសេស លោកអគ្គនាយកប្រតិបតិ្ត បានវាយតម្លៃខ្ពស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ផ្ទាល់ ក្នុងការ ជំរុញ ពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន តាមរយៈក្រុមប្រឹក្សាភិបាល សិក្សាទីផ្សារ និង ផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB)។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីការដាក់ចេញនូវអនុក្រឹត្យស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដែលជាយន្តការសម្រាប់បង្កើនកិច្ចសហការក្នុងភាពជាដៃគូរកាន់តែជិតស្និទ្ធរវាងរដ្ឋ និងឯកជនក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត និងលើកទឹកចិត្ត ធនាគារវឌ្ឍនៈ ចូលរួមបន្តជំរុញវិស័យទេសចរណ៍។