ក្រសួងទេសចរណ៍ ដឹកនាំកិច្ចប្រជុំជាមួយសាលារាជធានីភ្នំពេញដើម្បីពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia ចាប់ផ្តើមថ្ងៃ១៥-១៧ ខែកញ្ញា ឆ្នាំ២០២៤
(ភ្នំពេញ)៖ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាល ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នៅរាជធានីភ្នំពេញដោយមានការអញ្ជើញចូលរួមពីអភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញចំនួនពីររូបគឺ ឯកឧត្តម សុខ ពេញវុធ និងលោកជំទាវ កែវ សុខពិសី រួមជាមួយ លោកឧកញ៉ា លាង ពៅ តំណាងក្រុមហ៊ុន ជីប ម៉ុង រដ្ឋបាលខណ្ឌ កងកម្លាំងមានសមត្ថកិច្ច មន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងវិស័យឯកជនពាក់ព័ន្ធ។
ឯកឧត្តម គុជ បញ្ញាសា បានជម្រាបអង្គប្រជុំអំពីសាវតានៃព្រឹត្តិការណ៍ Gumball 3000 និងការទទួលបានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យក្រសួងទេសចរណ៍ដឹកនាំសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងក្រុមហ៊ុន ជីប ម៉ុង ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ក្នុងគោលបំណងលើកស្ទួយកិត្យានុភាពជាតិ និងវិស័យទេសចរណ៍ ជាពិសេស បង្កើនការផ្សព្វផ្សាយយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” រួមជាមួយការបំបែកឯកត្តកម្មពិភពលោកហ្គីណេសនៅមុខប្រាសាទអង្គរវត្ត រួមជាមួយ សកម្មភាពសប្បរសធម៌ កៀរគរថវិកាពីសប្បុរសជន ជាតិ-អន្តរជាតិឧបត្ថម្ភជូនមន្ទីរពេទ្យកុមារអង្គរ ឱ្យបានយ៉ាងតិច ២០ម៉ឺនដុល្លាអាមេរិក។
ឯកឧត្តម គុជ បញ្ញាសា បានបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ Gumball 3000 Rally in Cambodia នឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ដោយនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប្រតិភូ Gumball នឹងបើកបរថយន្តទំនើប Supercars របស់ខ្លួនមកដល់កម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត ត្រឡប់ទៅវិញតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបំបែកឯកត្តកម្មពិភពលោកហ្គីណេស (Guinness World Record) នៅមុខប្រាសាទអង្គរវត្ត។ នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែកញ្ញា នឹងមានរៀបចំព្រឹត្តការណ៍ប្រគុំតន្ត្រីខ្នាតអន្តរជាតិដ៏ធំមួយនៅសួនច្បារវត្តបុទុមវតី ដែលមានការចូលរួមសម្តែងពីប្រតិភូ Gumball 3000 ជាកំពូលតារាល្បីៗលំដាប់ពិភពលោក រួមជាមួយការតាំងបង្ហាញរថយន្ត Supercars នៅបរិវេណវិមានឯករាជ្យរហូតដល់រង្វង់មូលសម្តេចជួនណាត ដែលរំពឹងថានឹងមានប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិ ចូលរួមទស្សនាប្រមាណ៦ម៉ឺននាក់។
ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ ឯកឧត្តម សុខ ពេញវុធ បានសម្តែងការគាំទ្រ និងប្តេជ្ញាចូលរួមការពារសន្តិសុខ សណ្តាប់ ក្នុងព្រឹត្តិការណ៍ខាងលើនេះឱ្យបានល្អ និងមានសុវត្ថិភាពខ្ពស់ ជូនប្រតិភូអន្តរជាតិ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ដោយមានការរៀបចំអនាម័យ បរិស្ថាន និងការពង្រាយបង្គន់អនាម័យឱ្យបានច្រើនកន្លែង ដើម្បីបង្កភាពងាយស្រួលដល់ប្រតិភូអន្តរជាតិ និងប្រជាពលរដ្ឋដែលចូលរួមទស្សនា។
សូមបញ្ជាក់ថា ដើម្បីជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍នេះឱ្យកាន់តែផុលផុស ក្រសួងទេសចរណ៍ និងក្រុមហ៊ុន ជីប ម៉ុង រួមជាមួយដៃគូពាក់ព័ន្ធ នឹងរៀបចំព្រឹត្តិការណ៍ត្រៀមមុន Pre-Gumball 3000 Rally in Cambodia ដែលមានកម្មវិធីដូចខាងក្រោម៖
– រាជធានីភ្នំពេញ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២ ពិធីក្រុងពាលី និងតាំងបង្ហាញរថយន្ត Supercars នៅមុខសួនច្បារវត្តបុទុមវតី ៤ ចាប់ពីម៉ោង២រសៀល។
ព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ រថយន្ត Supercars ប្រមាណ៨០គ្រឿង និងម៉ូតូធំ៥០គ្រឿងនឹងជួបជុំមុខសួនច្បារវត្តបុទុមវតី ដើម្បីចេញដំណើរទៅខេត្តសៀមរាប។
– ខេត្តសៀមរាប៖ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ពិធីក្រុងពាលីនៅមុខប្រាសាទបាយ័ន វេលាម៉ោង ៣រសៀល និងការប្រគុំតន្ត្រីខ្នាតតូចរួមជាមួយការតាំងបង្ហាញសាកល្បង ពិព័រណ៍រថយន្តទំនើប ចាប់ពីម៉ោង៤រសៀលដល់ម៉ោង១០យប់ នៅបរិវេណសួនច្បារមុខព្រះរាជដំណាក់។
ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ការបើកបរសាកល្បង (Drag Race) នៅបរិវេណព្រលានយន្តហោះសៀមរាបចាស់ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់៕
ប្រភពអត្ថបទ: Freshnews