|

ក្បួន​រថយន្ដ​ទំនើបៗ​ Gumball 3000 នឹង​មក​ដល់​ប្រទេស​កម្ពុជា គឺ​ជា​ព្រឹត្តិការណ៍​ជួបជុំ​រថយន្ត​សកល

ក្បួន​រថយន្ដ​ទំនើបៗ Gumball 3000 ដ៏​ល្បីល្បាញ​លើ​ពិភព​លោក គ្រោង​នឹង​សំចត​ជួបជុំ​គ្នា​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ជាផ្នែក​នៃ​ដំណើរ​ទេសចរណ៍​ឆ្នាំ​២០២៤​របស់​ខ្លួន។ ការ​ធ្វើ​ដំណើរ​មក​ដល់​នេះ គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​ព្រឹត្តិការណ៍​នេះ​បានប្រព្រឹត្តិ​ទៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ Gumball 3000 ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​លោក​ Maximillion Cooper ក្នុង​ឆ្នាំ១៩៩៩​ មិន​ត្រឹមតែ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្បួន​​រថយន្ត​ប្រណិត និង​ទាក់ទាញ​វប្បធម៌​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​គំនិត​ផ្តួចផ្តើម​សប្បុរសធម៌​ផងដែរ។ ជារៀងរាល់ឆ្នាំ ការ​ប្រមូ​លផ្តុំ​នេះ​បាន​ទាក់ទាញ​ក្រុម​អ្នក​ចូលរួម​ចម្រុះ រួម​ទាំង​តារា​ល្បីៗ ខ្សែ​រាជវង្ស និង​អ្នក​ចូលចិត្ត​រថយន្ត​មកពី​ជុំវិញ​ពិភពលោក។ សម្រាប់​ព្រឹត្តិការណ៍ឆ្នាំ​ ២០២៤នេះ ដែល​ជា​ការ​ប្រារព្ធ​ខួប​លើក​ទី​២៥ នៃ​ការ​ប្រមូល​ផ្តុំ​គ្នា ត្រូវ​បាន​រំពឹង​ថា នឹង​មាន​អ្នក​ចូលរួម ធ្វើ​ដំណើរ​ចម្ងាយ​ ៣​ពាន់​ម៉ាយ (ប្រមាណ ៥​ពាន់​គីឡូម៉ែត្រ) ក្នុង​រយៈពេល​ប្រាំពីរ​ថ្ងៃ។ ចាប់ផ្តើម​នៅ​ទីក្រុង​សៃហ្គន ប្រទេស​វៀតណាម ក្បួន​នេះ​នឹង​ឆ្លង​កាត់​ប្រទេស​កម្ពុជា ថៃ និង​ម៉ាឡេស៊ី មុន​នឹង​ទៅ​ដល់​ប្រទេសសិង្ហបុរី សម្រាប់​ការ​ប្រកួត​ប្រណាំង​រថយន្ត Formula 1 Grand Prix ដ៏​មាន​កិត្យានុភាព​នៅ​ទីនោះ។ នៅក្នុង​ប្រទេស​កម្ពុជា អ្នក​ចូលរួម​នឹង​ទទួល​បាន​បទពិសោធន៍​ពី​វប្បធម៌​ដ៏​រស់រវើក និង​ស្គាល់​ពី​ប្រវត្តិសាស្រ្តនៃ​ទីក្រុង​ភ្នំពេញ និង​ប្រាសាទ​អង្គរវត្ត ដែល​ជា​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ។ រថយន្ត​ទំនើបៗ​ជាង ១០០​គ្រឿង​ត្រូវ​បាន​រំពឹង​ថា​នឹង​ចូលរួម​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ រួមទាំង​ទាក់​ទាញ​អ្នក​ទស្សនា​រាប់​ពាន់​នាក់នៅ​តាម​ដងផ្លូវ ជាមួយ​នឹង​ការ​រៃអង្គាស​ប្រាក់​សម្រាប់​បុព្វហេតុ​សប្បុរសធម៌​ផងដែរ។  បេសកកម្ម​នៃ​ការ​ជួបជុំ​ក្បួន​រថយន្ត​នេះ មិន​ត្រឹម​តែ​បង្ហាញ​ពី​ប្រណីត​ភាព និង​ល្បឿន​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​គឺជា​សកម្មភាព​មនុស្សធម៌​ជា​ចម្បង។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រាយការណ៍​ថា បាន​រៃ​អង្គាស​ប្រាក់​ចំនួន ៧.៨​លាន​ដុល្លារ​សម្រាប់​សកម្មភាព​សប្បុរសធម៌​ផ្សេងៗ​ក្នុង​រយៈពេលពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ។ ក្បួន​រថយន្ដ​ប្រណិតៗ​ចម្រុះពណ៌​​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ​​​ដែល​រៀបចំ​​​សហការ​ដោយ​​ក្រុមហ៊ុន​ជីប ម៉ុង នឹង​បង្ហាញ​ពី​ទីតាំង​សំខាន់ៗ​របស់​ប្រទេសកម្ពុជា ​រួម​មាន​វិមាន​ឯករាជ្យ​ក្នុង​រាជធានី​ភ្នំពេញ និង​ប្រាសាទ​​​អង្គរវត្តដ៏​អស្ចារ្យផងដែរ។ ដំណើរ​នេះ​នឹង​ជា​ការ​បង្ហាញ​ពី​​បេតិកភណ្ឌ​វប្បធម៌ដ៏សម្បូរបែប​របស់​ប្រទេស​កម្ពុជា​នៅ​លើ​អន្តរជាតិ៕